
Cristiano Ronaldo បានក្លាយជាកីឡាករទី៤ រកបានយ៉ាងហោចណាស់ចំនួន ៣៣ គ្រាប់នៅក្នុងក្របខណ្ឌ Serie A ក្នុងមួយឆ្នាំ បន្ទាប់ពីដណ្តើមបានជ័យជម្នះ ៤-០ របស់ក្រុម Juventus ទៅលើក្រុម Parma។


កីឡាករវ័យ ៣៥ ឆ្នាំបានស៊ុតបាល់បញ្ចូលទីចំនួន ២គ្រាប់ ខណៈដែល Juventus បានឈានទៅរកជ័យជម្នះដែលបានធ្វើឱ្យពួកគេឈានដល់កម្រិតមួយស្មើរជាមួយក្រុម Inter Milan និងនៅពីក្រោយក្រុមកំពូលតារាងត្រឹមតែមួយពិន្ទុប៉ុណ្ណោះ ប៉ុន្តែ AC Milan នៅសល់មួយប្រកួតក្នុងដៃ ដែលត្រូវប្រកួតយប់ថ្ងៃអាទិត្យនេះ។

Ronaldo បានតាមស្មើគ្រាប់បាល់របស់អតីតខ្សែប្រយុទ្ធឆ្នើមលោក Omar Sivori របស់ក្រុមសេះបង្កង់ Juventus ពីឆ្នាំ ១៩៦១ ដែលជាចំនួនច្រើនបំផុតក្នុងឆ្នាំតែមួយ បន្ទាប់ពីលោក Gunnar Nordahl (៣៦គ្រាប់ ក្នុងឆ្នាំ ១៩៥០) និងលោក Felice Borel (៤១គ្រាប់ ក្នុងឆ្នាំ ១៩៣៣) ។ Ronaldo មានឱកាសបន្ថែមគ្រាប់បាល់ទៀត ខណៈដែលក្រុម Juventus សល់ការប្រកួតលីគមួយទៀត នៅក្នុងឆ្នាំ ២០២០ ដែលជាជំនួបនៅក្នុងផ្ទះជាមួយក្រុម Fiorentina នៅព្រឹកយប់ថ្ងៃអង្គារ៕





