
លោក Wes Brown បានសារភាពថា លោកចង់ឱ្យ Son Heung-min មកលេងនៅក្លិប Manchester United បន្ទាប់ពីទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយទម្រង់លេងដ៏លេចធ្លោនៅ Tottenham Hotspur។


Son រីករាយនឹងការចាប់ផ្តើមដ៏អស្ចារ្យសម្រាប់យុទ្ធនាការ ២០២០-២១ ជាមួយ Tottenham ដែលបានឡើងឈរនៅកំពូលតារាង Premier League បន្ទាប់ពីឈ្នះ ៧ ស្មើ ៣ និងចាញ់តែ ១ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១១ ប្រកួត។ ក្រុមរបស់លោក Jose Mourinho បានបំបាក់ក្រុមគូរប្រកួតប្រជែង Manchester United ៦-១ នៅលើទឹកដី Old Trafford កាលពីថ្ងៃទី ៤ ខែតុលា បើទោះបីជាក្រុមម្ចាស់ផ្ទះបានធ្វើការនាំមុខមុនតាំងនៅនាទីទី ២ តាមរយៈបាល់ប៉េណាល់ទីរបស់ Bruno Fernandes។ Son និង Harry Kane កំពុងក្លាយជាដៃគូរប្រកួតដ៏គ្រោះថ្នាក់បំផុតទាំងនៅអង់គ្លេស និងអឺរ៉ុប ដោយពួកគេទាំងពីរនាក់បានរកគ្រាប់បាល់រួមគ្នាបានលើស ១០០គ្រាប់គិតមកទល់ពេលនេះ។


លោក Brown សង្ឃឹមថា ក្រុមរបស់លោក Ole Gunnar Solskjaer នឹងបានដឹងពីកំហុសរបស់ពួកគេក្នុងជំនួបទល់នឹងក្រុម Tottenham ស្របពេលដែលពួកគេនឹងធ្វើការប្រកួតជាមួយក្រុមគូរប្រកួតស្លាប់រស់រួមទីក្រុងដែលមាន Derby Manchester ជាមួយក្រុមមេឃខៀវ Manchester City នៅចុងសប្តាហ៍នេះ ហើយអតីតកីឡាករបិសាចក្រហមខាងលើ បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះគ្រាប់ពេជ្រអាស៊ី Son និងបានជម្រុញឱ្យក្លិបនាំយកតារាជើងស៊ុតរូបនេះផងដែរ។
អតីតខ្សែការពារបិសាចក្រហមរូបនេះបានប្រាប់លោក Ladbrokes ថា៖ “ការសម្រាកអន្តរជាតិបន្ទាប់ពីការបរាជ័យរបស់ Tottenham ប្រហែលជាបានកើតឡើងនៅពេលវេលាដ៏ត្រឹមត្រូវ។ ខ្ញុំពិតជាចូលចិត្ត Tottenham ហើយខ្ញុំស្រលាញ់ Son Heung-min ។ ខ្ញុំស្រឡាញ់គាត់។ ខ្ញុំសង្ឃឹមថាគាត់នៅ Manchester United”៕




