គិតត្រឹមថ្ងៃ ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០នេះស្ថានភាពកូវីដនៅក្នុងប្រទេសកម្ពុជា ហាក់មានភាពកក្រើកឡើងវិញ រហូតដល់មានការឆ្លងចូលដល់សហគមន៍ទៀតផង។ អាស្រ័យហេតុនេះហើយទើបក្រសួងសុខាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងមមាញឹកដើម្បីអាចទប់ស្កាត់កុំឱ្យមានការរីករាលដាលកាន់តែខ្លាំងឡើងៗទៅដល់ប្រជាជនកម្ពុជាទាំងមូល។

ដោយឡែក បើនិយាយអំពីអាកាសធាតុប្រទេសកម្ពុជានាពេលឥឡូវនេះក៏ឈានចូលដល់រដូវរងាដែលធ្វើឱ្យប្រជាជនកម្ពុជាភាគច្រើនងាយនឹងឆ្លងនូវជំងឺផ្ដាសាយខ្លាំងមែនទែន ប្រសិនបើគាត់មិនបានយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អ។ ដោយសារតែអាកាសធាតុត្រជាក់ងាយបង្កជាជំងឺផ្ដាសាយ និងស្ថានភាពកូវីដកំពុងតែតានតឹង ធ្វើឱ្យប្រជាជនភាគច្រើនដែលមិនសូវស្រួលខ្លួន ពួកគាត់ពិបាកបែងចែកថា ខ្លួនកំពុងឈឺផ្ដាសាយធម្មតា ឬវាជារោគសញ្ញាជំងឺកូវីដ១៩ជាដើម។

ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាលក៏បានរំលឹកឡើងវិញពីរោគសញ្ញាសំខាន់ៗនៃជំងឺកូវីដ១៩ ដើម្បីឱ្យប្រជាជនខ្មែរកុំធ្វេសប្រហែស និងអាចបង្ការនូវការចម្លងនេះទៅមនុស្សជុំវិញខ្លួនថែមទៀត។ រោគសញ្ញាសំខាន់ៗដែលបង្ហាញថាបុគ្គលម្នាក់នោះអាចមានផ្ទុកកូវីដ១៩ គឺមានដូចជា៖
១. កំដៅយ៉ាងតិច ៣៧.៥ អង្សាសេ
២. មានរោគសញ្ញាក្អក
៣. ហៀរសំបោរ
៤. ឈឺបំពង់ករ
៥. ពិបាកដកដង្ហើម
បន្ថែមពីនោះ ទាក់ទងនឹងការវិវិត្តន៍នៃវីរុសនេះរយៈពេល ៩ថ្ងៃគឺអាចមានរោគសញ្ញាដូចជា៖
រយៈពេល ១ទៅ៣ថ្ងៃដំបូងគឺមានអាការៈឈឺកតិចតួច (ស្រដៀងផ្ដាសាយ)
ថ្ងៃទី ៤ រាគតិចៗនិងឈឺក្បាលតិចតួច
ថ្ងៃទី៥ ឈឺតាមសន្លាក់ (រាងកាយចុះទន់ខ្សោយ អស់កម្លាំង)
ថ្ងៃទី៦ ឡើងកម្ដៅ ៣៧អង្សាសេ
ថ្ងៃទី៧ ក្អករហូត និងមានស្លេស
ថ្ងៃទី ៨ ពិបាកដកដង្ហើម (រាល់ការដកដង្ហើមថប់ៗតឹងណែនទ្រូង)
ថ្ងៃទី ៩ អាការៈពិបាកបំផុត (ត្រូវពិនិត្យឈាម និងឆ្លុះអេកូសួតភ្លាមៗ)។

ជារួមមកវិញ រោគសញ្ញាជំងឺផ្ដាសាយ និងកូវីដ ១៩ គឺមានភាពស្រដៀងគ្នា និងពិបាកបែងចែកខ្លាំងមែនទែន អាស្រ័យហេតុដូចនេះហើយប្រសិនបើអ្នកកំពុងតែមានរោគសញ្ញាយ៉ាងតិចមួយ ឬលើសពីនេះ អ្នកត្រូវព្យាមទៅពិនិត្យព្យាបាលឱ្យបានកាន់តែឆាប់រហ័សកាន់តែល្អ៕
ប្រភព: business-cambodia