អីយ៉ាស់ចាប់ផ្ដើមទិញហើយ៖ Newcastle ត្រៀមជះលុយទិញ ខ្សែប្រយុទ្ធជួរមុខរបស់ R.Madrid

= 310
This image has an empty alt attribute; its file name is newpro4newcustomer.gif

ម្ចាស់ថ្មីរបស់ក្លិប Newcastle United ត្រូវបានរាយការណ៍មកថា ចាត់ទុកខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid កីឡាករ Gareth Bale គឺជាគោលដៅចម្បង ដោយពួកគេគ្រោងនឹងដាក់សំណើនាំយកជម្រើសជាតិវេលមកលេងនៅក្របខណ្ឌ Premier League កំឡុងទីផ្សារដោះដូរខាងមុខ។

ក្លឹបរហស្សនាមសារិកាព្រៃទទួលបានសំណើតម្លៃ៣០០លានផោន ក្នុងការទិញយកក្លឹប ដោយម្ចាស់ថ្មីគឺជាក្រុមអ្នកវិនិយោគ ក្នុងនោះក៏មានកញ្ចប់ថវិកាសាធារណៈរបស់អារ៉ាប៊ីសាអូឌីតផងដែរ។ សំណើនេះ ត្រូវបានទទួលដោយម្ចាស់ក្លិបបច្ចុប្បន្ន លោក Mike Ashley ហើយ ប៉ុន្តែត្រូវរង់ចាំភ្លើងខៀវពី Premier League ជាមុនសិន។

ការសម្រេចយ៉ាងណានោះ គ្រោងនឹងធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមួយរបស់ថ្នាក់ដឹកនាំក្របខណ្ឌ Premier League នៅសប្ដាហ៍នេះ ហើយបើសិនជាជោគជ័យក្នុងការប្ដូរម្ចាស់កម្មសិទ្ធិ នោះយើងនឹងអាចឃើញអំពីការវិវឌ្ឍថ្មីរបស់ Newcastle។

បើតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ Marca បានឲ្យដឹងថា Bale គឺជាគោលដៅទីមួយរបស់ Newcastle នៅទីផ្សាររដូវក្ដៅនេះ ហើយពួកគេមានជំនឿចិត្តយ៉ាងមុតមាំថា នឹងអាចនាំយកម្ចាស់អាវលេខ១១របស់ Real Madrid មកលេងនៅទឹកដីអង់គ្លេស ជាថ្មីម្ដងទៀត។

Bale ស្ទើរតែផ្លាស់ចេញពីកីឡដ្ឋាន Santiago Bernabeu ទៅហើយ កាលពីរដូវក្ដៅឆ្នាំមុន ក្រោយអ្នកចាត់ការទូទៅ Zinedine Zidane បាននិយាយជាសាធារណៈថា Bale មិនស្ថិតនៅក្នុងជម្រើសរបស់លោកនោះទេ។ ហើយពេលនោះ Bale ប៊ិះតែមកលេងនៅក្របខណ្ឌលីគកំពូលចិន Chinese Super League ជាមួយក្លិប Jiangsu Suning ប៉ុន្តែអ្វីៗមិនអាចកើតឡើងទៅបាន។

គួរឲ្យដឹងដែរថា នៅរដូវកាលនេះ Bale បង្ហាញខ្លួននៅលើវាលស្មៅឲ្យ Real Madrid បានសរុបចំនួន១៨ប្រកួត ក្នុងនោះគេអាចរកបានគ្រាប់បាល់៣គ្រាប់ ខណៈកិច្ចសន្យារបស់គេជាមួយក្លិបអធិរាជស នឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២៕

312
Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *

*

Follow by Email
Facebook