អ្នកនាំពាក្យ​ក្រសួង​ការងារ​៖ ​កម្មករ​រោងចក្រ​នៅ​ភ្នំពេញ​២​នាក់​សង្ស័យថា មាន​ឆ្លង​មេរោគ​កូ​វីដ​១៩

= 881

​លោក​ហេង​សួរ​អ្នកនាំពាក្យ​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​២០​ ខែមេសា​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ថា ​ក្រសួង​បា​នប​ញ្ជូន​កម្មករ​រោង​ក្រ​ចំនួន​២​នាក់​ ដែល​សង្ស័យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ទៅ​មន្ទីរពេទ្យ ​ដើម្បី​យក​វត្ថុ​សំណាក់​ទៅ​ធ្វើ​វិភាគ​រក​វីរុស​កូ​វីដ​១៩។

​លោក​បាន​បន្ត​ថា ​«​ចំពោះ​អ្នក​សង្ស័យ​២​នាក់​នោះ ​គឺ​ដឹក​តាម​រថយន្ត​សង្គ្រោះ​ដើម្បី​យក​វត្ថុ​សំណាក់​នៅ​មន្ទីរពេទ្យ​។​ ចំពោះ​អ្នក​ប្រមាណ​៣០០​នាក់​ផ្សេងទៀត​ ពួកគាត់​សម្រេច​ស្នាក់នៅ​ដាច់ដោយឡែក​នៅតាម​បន្ទប់​ជួល​របស់​ពួកគេ​»​។

លោក​ហេង ​សួរ​ បាន​ឲ្យ​ដឹង​ទៀត​ថា ​នៅ​រាជធានី​ភ្នំពេញ ​ក្រសួង​ការងារ​បាន​រៀបចំ​មណ្ឌល​ពិនិត្យ​សុខភាព​បណ្តោះអាសន្ន​ចំនួន​១០​កន្លែង​ គឺ​មាននៅ​តំបន់​ផ្លូវ​វេ​ង​ស្រេង​ ចំនួន​៣​កន្លែង​,​តំបន់​ឧស្សាហកម្ម​វឌ្ឍនៈ​២​កន្លែង​,​ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​១​កន្លែង​ ,​វិទ្យាល័យ​ជម្ពូ​វ័​ន្ត​១​កន្លែង​,​អនុវិទ្យាល័យ​ដង្កោរ​១​កន្លែង​,​វិទ្យាល័យ​ឫស្សី​កែវ​១​កន្លែង ​និង ​អនុវិទ្យាល័យ​គោក​បញ្ជាន់​១​កន្លែ​ង​។

លោក​បាន​បញ្ជាក់​ថា ​សម្រាប់​វិទ្យាល័យ​ជម្ពូ​វ័​ន្ត​​វិទ្យាល័យ​ឫស្សី​កែវ​និង​អនុវិទ្យាល័យ​គោក​បញ្ជាន់​ជាទី​តាំង​សម្រាប់​ដាក់​ដាច់ដោយឡែក​នៅពេលដែល​កម្មករ​ណា​ម្នាក់​ដែល​ម្ចាស់​ផ្ទះជួល​ឬ​មិត្តភក្តិ​មិន​អនុញ្ញាត​ស្នាក់នៅ​អំឡុង​ពេល​ដាក់ខ្លួន​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​។

​​​​​​​​​​ប៉ុន្តែ​កម្មករ​កម្មការិនី​ទាំងអស់​អស់​សម្រេចចិត្ត​ស្នាក់នៅ​ដាច់ដោយឡែក​នៅ​បន្ទប់​ជួល​ឬ​នៅផ្ទះ​របស់​ពួកគេ​ផ្ទាល់​តែម្តង​ ហើយ​ពួកគេ​សន្យា​នឹង​អនុវត្តតាម​ការណែនាំរ​បស់​ក្រុមគ្រូពេទ្យ។

​​​​​​​​​ទាក់ទិន​នឹង​ការ​លើកឡើងថា​ ការ​ដាក់​ឲ្យ​កម្មករ​នៅ​ដាច់ដោយឡែក​១៤​ថ្ងៃជា​ការ​ធ្វើ​ទារុណកម្ម​នោះ​លោក​ហេង​ សួរ​ បាន​បញ្ជាក់​ថា ​អ្នក​ដែល​លើកឡើង​នោះ​មិនបាន​សួរ​កម្មករ ​ដែល​នៅ​ធ្វើការ​នៅក្នុង​អំឡុងពេល​ចូលឆ្នាំ​ប្រមាណ​៩៨​ភាគរយ​នោះ​ទេ​ ព្រោះ​អ្វី​ដែល​រាជរដ្ឋាភិបាល​ធ្វើ​នេះ​គឺ​ទៅតាម​សំណូមពរ​ របស់​កម្មក​រទាំង​៩៨​ភាគរយ​នោះ ​ដើម្បី​យក​កម្មករ​ដែល​អវត្តមាន​២​ភាគរយ​ពេល​ចូលឆ្នាំ​ទៅ​ពិនិត្យ​សុខភាព ​និង​ដាក់​ចាត់​ដោយឡែក​ ដើម្បី​ធានា​ថា ​ពួកគេ​មិនមាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។

​​​​​​​​​លោក​បាន​លើក​ឡើង​ជា​សំណួរ​ថា ​«​តើ​អ្នក​ដែល​និង​យាយ​នឹង​អាច​ទទួលយក​កម្មករ​២​ភាគរយ​ទៅ​រស់នៅ​ជាមួយ​បាន​អត់បើ​ទទួល​រាជរដ្ឋាភិបាល​មិន​ចាំ​បាច់​រៀបចំ​កន្លែង​ស្នាក់នៅ​បណ្តោះ​អាសន្ន​ធ្វើ​អី​ហើយ​ការ​ធ្វើ​នេះ​ គឺ​ដើម្បី​ការពារ​កម្មករ​៩៨​ភាគរយ​ក៏ដូចជា​កម្មករ​២​ភាគរយ​ដែល​អវត្តមាន​អំឡុង​ចូលឆ្នាំ​ផងដែរ​»។

​​​​​​​​​លោក​បាន​បន្ថែម​ទៀត​ថា ​នេះ​មិនមែន​ជា​ការ​ធ្វើ​ទណ្ឌកម្ម​ចំពោះ​កម្មករ​នោះ​ទេ ​ព្រោះ​វា​ជា​វិធានការ​របស់​ក្រសួងសុខាភិបាល​ក្នុង​ការ​បញ្ចៀស​ការ​ចម្លង​មេរោគ​កូ​វីដ​១៩​នេះ​។

​​​​​​​​​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ​ចំពោះ​កម្មករ​ណា​ដែល​មិនបាន​ចូលខ្លួន​មានន័យថា ​ស្មើនឹង​បោះបង់​ការងារ​រួច​ទៅ​ហើយៗ​មាន​កម្មករ​ខ្លះ​គាត់​បានសម្រេច​ចិត្ត​រួចហើយ​ថា​គាត់​នឹង​ឈប់​ពី​ការងារ​នេះ​ហើយ​ព្រោះថា​ មាន​អ្នកខ្លះ​រហូត​មក​ដល់ពេល​នៅ​នៅ​មិនទាន់​វិលត្រឡប់​មកពី​ស្រុក​នៅឡើយ​ទេ​។

​​​​​​​​​​ចំណែក​លោក​សាស្ត្រាចារ្យ​ម៉ម ​ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​លើក​ឡើង​នៅក្នុង​សន្និសីទកាសែត​នៅ​ទីស្តីការ​ក្រសួង​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែមេសា​ដោយ​អំពាវនាវ​បងប្អូន​ដែល​បាន​សម្រុក​ធ្វើដំណើរ​ទោ​ស្រុកកំណើត​មុន​ពេល​បុណ្យចូលឆ្នាំថ្មី​ហើយ​វិលត្រឡប់​មកវិញ​ត្រូវ​អនុវត្ត​វិធានការ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ដោយសារ​ដក​ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ​ ឬ ​អាចធ្វើ​ការ​ពី​ផ្ទះ​តាម​អន​ឡាញ​ក្នុង​រយៈពេល​ធ្វើ​ច​ត្តា​គឺ​ស័ក​រយៈពេល​១៤​ថ្ងៃនេះ​។

យោង​តាម​របាយការណ៍​រដ្ឋបាល​រាជធានី​ភ្នំពេញ​បង្ហាញថា​បន្ទាប់ពី​ចប់​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​មាន​កម្មករ​កម្មការិនី​ប្រមាណ​១៥,៧២៦​នាក់​នៃ​រោងចក្រ​ចំនួន​៦៧២​រោងចក្រ​នឹង​ត្រឡប់​ពី​ស្រុកកំណើត​ចូលមក​រាជធានី​ភ្នំពេញ​វិញ​។

គួរ​បញ្ជាក់​ថា​រហូតដល់​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២០​ ខែមេសា​ ឆ្នាំ២០២០ ​កម្ពុ​ជាមាន​អ្នកជំងឺ​កូ​វីដ​១៩​ជាសះស្បើយ​សរុប​១០៧​នាក់​ ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន​១២២​នាក់ ​ដោយមាន​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ទូទាំង​ប្រទេស​ចំនួន​១៥​នាក់​៕
សំអឿន

885
Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *

*

Follow by Email
Facebook